ប្រវត្តិរូបសង្ខេប
សព កូនប្រុស សួស ឈុន្នីយុត្ថានុច
២៩/វិច្ឆិកា/១៩៩០-១៣/កញ្ញា/២០១៤
- សូមក្រាបថ្វាយបង្គំព្រះតេជគុណ ជាទីគោរព សក្ការៈ!
- សូមគោរព លោកតា លោកយាយ បងប្អូន អ៊ំ មាមីង កូនក្មួយ ជាទីគោរព!
ថ្ងៃនេះ ក្រុមគ្រួសាររបស់យើងខ្ញុំ មានទុក្ខយ៉ាងក្រៀមក្រំក្រៃលែង ដែលកូនប្រុស ជាទីស្រលាញ់ ឈ្មោះ សួស ឈុន្នីយុត្ថានុច បានទទួលមរណៈភាព លាចាកលោកយើងនេះ គ្មានថ្ងៃជួបយើង ទៀតទេ ដោយបន្សល់ទុកនូវតែសេចក្តីអាឡោះអាល័យ សោកស្តាយ នឹករលឹក គ្មានអ្វីប្រៀបធៀប ពុំបាន ។
ក្រោយពេលរៀបអាពាហ៍ពិពាហ៍ ចាប់ដៃរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ខ្ញុំបាទ សួស ឈុន្នី និង ភរិយា ឈុយ ពុទ្ធី ទទួលបាននូវចំណងដៃនូវកូនប្រុសចំនួន ០៣ នាក់ ដែលមានឈ្មោះ ដូចខាងក្រោមនេះ ៖
- កូនទី ១ ឈ្មោះ សួស ឈុន្នីយុត្ថានុច ជាកូនប្រុសច្បង
- កូនទី ២ ឈ្មោះ សួស ឈុន្នីយុត្ថានៈ
- កូនទី ៣ ឈ្មោះ សួស ឈុន្នីយុត្ថានា
កូនប្រុស សួស ឈុន្នីយុត្ថានុច ប្រសូត្រនៅថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ត្រូវនិងឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៣៤ វេលាម៉ោង ០១:៣០ នាទី រំលងអាធ្រាត្រ ។
នៅពេលមានអាយុ ៦ ឆ្នាំ កុមារា សួស ឈុន្នីយុត្ថានុច បានចូលសិក្សារៀនសូត្រ នៅសាលា បឋមសិក្សាអង្គសឹង្ហ ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៣ ។
ចម្រើនវ័យ ១២ ឆ្នាំ ក៏បន្តចូលសិក្សានៅអនុវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទីពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ ។
ក្រោយប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក៏បន្តចូលសិក្សានៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនបាទី នៅឆ្នាំ ២០០៦ ។
បន្ទាប់ពីទទួលបានជោគជ័យក្នុងការសិក្សា ដោយប្រលងជាប់នូវសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅឆ្នាំ ២០០៩ កូនប្រុស សួស ឈុន្នីយុត្ថានុច ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៃ មហាវិទ្យាល័យ នៅវិទ្យាស្ថាន វ៉ាន់ដា ផ្នែកជំនាញគណនេយ្យ នៅរាជធានីភ្នំពេញ ។
នៅក្នុងអំឡុងពេលសិក្សា និស្សិត សួស ឈុន្នីយុត្ថានុច បានឆ្លៀតធ្វើការងារបណ្តើរ ដើម្បីបាន ប្រាក់ផ្គត់ផ្គង់ការសិក្សា និងការចំណាយប្រចាំថ្ងៃ ដែលជាការសម្រួលជីវភាពឪពុកម្តាយបានមួយ កម្រិត ។
កូនប្រុស យុត្ថានុច ជាកូនប្រុស ចេះដឹង ស្គាល់ខុសត្រូវ ស្តាប់បង្គាប់ ការទូន្មាន ប្រៀនប្រដៅ របស់ឪពុកម្តាយ គោរពចាស់ទុំ ទាំងពាក្យសំដី ហើយនិងកាយវិការ ធ្វើឲ្យចាស់ទុំ អ៊ំមាមីង បងប្អូន ស្រលាញ់ ចូលចិត្តគ្រប់ៗគ្នា ។
នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៤ បន្ទាប់ពីចេញធ្វើការនៅរាជធានីភ្នំពេញក៏ធ្វើដំណើរមកស្រុក កំណើត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ប៉ុន្តែជាអកុសល នៅពេលធ្វើដំណើរ តាមដងផ្លូវ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្លោងទ្វារចូលទន្លេបាទី នៅវេលាម៉ោង ០៨:០០ នាទីយប់ ហើយក៏បានទទួលមរណៈភាព ក្នុងជន្មាយុ ២៤ ឆ្នាំ ។
ប៉ា ម៉ាក់ ប្អូនៗ ព្រមទាំង យាយ តា អ៊ំមាមីង នឹងចងចាំកូនទុកជារៀងរហូត ។ សូមដួងវិញ្ញាណ ក្ខន្ធកូនទៅសោយសុខនៅសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ។